គ្រាប់ស្វាយចន្ទីក្នុងអំឡុងដើមរដូវប្រមូលផលទទួលបានតម្លៃប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ កសិករនៅតាមខេត្តមួយចំនួនកំពុងប្រឈមនឹងការពន្យាពេលក្នុងការចាប់ផ្តើមប្រមូលផលដោយសារតែអាកាសធាតុមិនអំណោយផល។ រដូវប្រមូលផលនៃគ្រាប់ស្វាយចន្ទីជាទូទៅចាប់ផ្តើមនៅខែកុម្ភៈហើយបន្តរហូតដល់ចុងខែឧសភា។
លោក ស៊ុយ កុកទៀន អនុប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានមានប្រសាសន៍ថាខេត្តមួយចំនួនបានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទី ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនទៀតនៅមិនទាន់ចាប់ផ្តើមនៅឡើយទេដោយសារអាកាសធាតុមិនអំណោយផល។
លោកថា៖ «ការប្រមូលផលបានចាប់ផ្តើមនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងតំបន់មួយចំនួនក្នុងខេត្តកំពង់ធំ។ ជាធម្មតា ដំណាំស្វាយចន្ទីចាប់ផ្តើមផ្តល់ទិន្នផលនៅដើមខែកុម្ភៈ ខណៈដែលឆ្នាំនេះ ការប្រមូលផលនឹងត្រូវពន្យារពេលហើយអាចនឹងមានរយៈពេលរហូតដល់ខែមិថុនា»។
លោកបន្ថែមថាគ្រាប់ស្វាយចន្ទីបច្ចុប្បន្នមានតម្លៃ ៥៥០០ រៀលក្នុងមួយគីឡូក្រាម ខណៈដែលតម្លៃមានការប្រែប្រួល។
លោកក៏បានលើកឡើងពីតម្លៃនៃរដូវប្រមូលផលកាលពីឆ្នាំកន្លងទៅដែលចាប់ផ្តើមពីតម្លៃ ៦០០០ រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ លោកថាតម្លៃបច្ចុប្បន្ននៅតែល្អប្រសិនបើកសិករអនុវត្តតាមស្តង់ដារក្នុងការថែទាំ។
លោកបន្តថា៖ «បើទោះបីជាមានបញ្ហាប្រឈមដែលបង្កដោយករណីវីរុសកូវីដ១៩ កសិករនៅតែអាចទទួលបានតម្លៃចន្លោះពី ១៥០០ ទៅ ២០០០ ដុល្លារក្នុងមួយតោន។ តម្លៃអាចធ្លាក់ចុះដល់ ១ ដុល្លារក្នុងមួយគីឡូក្រាម តែកសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល»។
លោកថាទិន្នផលគ្រាប់ស្វាយចន្ទីជាមធ្យមគឺពី ១ ទៅ ១,៥ តោនក្នុងមួយហិកតាអាស្រ័យលើគុណភាពដី ការដាំដុះ និងការថែរក្សាដំណាំ ខណៈដែលតំបន់ខ្លះអាចផ្តល់ទិន្នផលរហូតដល់ ៣ តោនក្នុងមួយហិកតា។
លោកបន្ថែមថា៖ «យើងមានសុទិដ្ឋិនិយមថាតម្លៃគ្រាប់ស្វាយចន្ទីនឹងមិនមានបញ្ហានោះទេក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ បញ្ហាដែលយើងប្រឈមមុខគឺការប្រែប្រួលអាកាសធាតុ ខណៈដែលបច្ចុប្បន្ននេះ យើងកំពុងសហការជាមួយអ្នកជំនាញដើម្បីស្រាវជ្រាវពូជថ្មីៗដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ គ្រាប់ស្វាយចន្ទីដែលយើងកំពុងដាំនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាពូជ M23»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាចម្បងទៅកាន់ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈដែលសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងព្យាយាមទាក់ទាញអ្នកទិញកាន់តែច្រើនមកកម្ពុជាដើម្បីជាប្រយោជន៍ដល់សមាជិកជាកសិកររបស់ខ្លួន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាប្រទេសកម្ពុជាមានផ្ទៃដីដាំគ្រាប់ស្វាយចន្ទីសរុបចំនួន ២៥៨ ៩៨៤ ហិកតាក្នុងឆ្នាំ ២០២០។ ផ្ទៃដីប្រមូលផលសម្រាប់រយៈពេលនេះមានចំនួន ១៦២ ២៩៤ ហិកតា ហើយទិន្នផលមធ្យមសម្រេចបានចំនួន ១,៤៩ តោនក្នុងមួយហិកតា។ ជាមួយគ្នានេះផងដែរ ការនាំចេញគ្រាប់ស្វាយចន្ទីបានឈានដល់ទំហំ ២៣០ ៩៨១ តោនកាលពីឆ្នាំមុន។
លោក ឡឹង គីមស៊ាន ម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទី ឡឹង ម៉ានុត ចំការលើ ក្នុងខេត្ដកំពង់ចាមបានមានប្រសាសន៍ថាលោកមានផ្ទៃដីដាំដំណាំគ្រាប់ស្វាយចន្ទីទំហំ ១០ ហិកតាដែលផ្តល់ទិន្នផលពី ៣០ ទៅ ៤០ តោនកាលពីឆ្នាំមុន។ ក្នុងអំឡុងដើមរដូវប្រមូលផល លោកថ្លែងថាតម្លៃល្អ ប៉ុន្តែនៅពាក់កណ្តាលរដូវប្រមូល ផលតម្លៃបានធ្លាក់ចុះក្រោម ១ ដុល្លារក្នុងមួយគីឡូក្រាម។
តម្លៃបានហក់ឡើងវិញនៅចុងរដូវប្រមូលផល ជាពិសេសចាប់ពីខែសីហាដល់ខែតុលា ខណៈដែលតម្លៃឡើងដល់ចន្លោះពី ៦០០០ ទៅ ៧០០០ រៀលក្នុងមួយគីឡូក្រាម។
លោកបន្តថា៖ «សម្រាប់ការប្រមូលផលដើមរដូវក្នុងឆ្នាំនេះ តម្លៃមានភាពប្រសើរដែលទទួលបានពី ៥៧០០ ទៅ ៥៨០០ រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់បានប្រមូលផលក្នុងចំនួនច្រើននោះទេ ដោយសារតែអាកាសធាតុមិនអំណោយផល»៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា
កែសម្រួលឡើងវិញដោយ រៀនដើម្បីធ្វើស្រែ
សូមផ្ដល់មតិខាងក្រោម
Click to see the code!
To insert emoticon you must added at least one space before the code.