​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈការ​ចិញ្ចឹម​មាន់​សាច់


មាន​ចំងាយ​ផ្លូវ​៤៦គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​ក្រចេះ​ មាន​គ្រួសារកសិក​រគំរូ​មួយ​របស់​កម្ម​វិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មីដែល​ធន​ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ(ASPIRE)​ គឺកំពុងតែ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈការ​ចិញ្ចឹម​មាន់​សាច់​ដ៏​ជោគជ័យ​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​សំរោង  ឃុំ​ខ្សាច់អណ្តែត​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​​។​

លោក​ស្រី​ ញ៉េច​ សុខណាងនិង​ស្វាមី​លោក​ ឆេង​ សាំង​ជាមួយ​នឹង​កូនៗក្នុងបន្ទុក​ចំនូន៤នាក់ផ្សេងទៀត​បាន​ប្រកប​របរ​ចិញ្ចឹម​មាន់នេះ​តាំង​តែពីឆ្នាំ​២០១៥​មក​ម្លេះ​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​សុខណាង​បាន​ឲ្យ​ដឹង​ថា​ការ​ចិញ្ចឹម​មាន់ដែល​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ​ គ្មាន​ការ​មើល​ថែ​ដិត​ដល់​និង​ការ​ចិញ្ចឹម​ដែល​ធ្វើ​ឡើង​តាម​តែទំលាប់លែង​ពាសវាល​ពាសកាល​គឺ​គ្មាន​បាន​ផល​នោះ​ទេ​។​លោក​ស្រី​បាន​បញ្ជាក់បន្ត​ថា ​«​ការ​ចិញ្ចឹមនៅពេលនោះ គឺ​មិន​​បានកាក់​កប​នោះ​ទេ ​ដោយ​មាន់​ចេះ​តែ​ឈឺងាប់​តាំងពី​តូច ​ជាពិសេស នៅ​​រដូវ​ក្តៅ​​ពេលដែល​អាកាសធាតុមានការប្រែប្រួល មានការចំណាយ​ច្រើ​នលើ​ចំណី​ និង​ពិបាក​ក្នុង​ការ​លក់​ចេញ​ ​​​ឯចំណូល​ពី​ការ​លក់​វិញ​​​​ ពេលខ្លះ​ស្ទើរ​តែ​គ្មាន​​តែ​ម្តង​​។​»​​

ដោយជួប​ប្រទះ​បញ្ហា​មិន​ចេះ​ចប់​រាប់​តាំង​ពី​មាន់​មិនធំធាត់​ មាន់មាន​ជំងឺ​នៅ​ពេល​អាកាសធាតុ​ប្រែប្រួល​ និង​ការ​ចំណាយ​ច្រើន​លើ​ចំណី​និង​ពិសេស​គឺ​មិន​អាច​រក​ប្រាក់​កំរៃគ្រប់គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ទៅ​នឹង​ការ​ចំណាយ​ក្នុង​គ្រួសារ​ នៅ​ឆ្នាំ​២០១៧​ គ្រួសារលោក​ឆេង​ សាំង ក៏​បាន​ទៅ​ចូល​រួម​ជា​មួយ​កម្ម​វិធីASPIRE ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល​ផ្សេង​ៗពី​បច្ចេកទេសកសិកម្ម​ពិសេសគឺ​ការ​ចិញ្ចឹម​មាន់​នេះ​តែ​ម្តង។​

លោកស្រីសុខណាង​បាន​ឲ្យ​ដឹង​ថា«ក្តីសង្ឃឹម​របស់​ខ្ញុំ​ហាក់​មាន​មក​វិញ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​រូម​​ជា​មួយ​កម្មវិធី​ASPIRE ពីព្រោះ​ថា​​ មាន់​លែង​ឈឺញឹកញ៉ាប់ដូចមុន​ទៀត​​ ហើយ​ចំនួន​មាន់​របស់​ខ្ញុំ​កាន់​តែច្រើ​នឡើង​ៗពីមួយឆ្នាំទៅមួយឆ្នាំ ​ដូចដែល​បានឃើញនៅ​ទី​នេះ​ស្រាប់។»

ចំនួន​មាន់​ដែល​ធ្លាប់​មានមិនទៀងទាត់​​ត្រឹម​តែប្រមាណ​​៥០ក្បាល​និង​អាច​រក​កំរៃ​មិន​ទៀង​ទាត់​ដូច​គ្នា​បាន​ប្រមាណ​ជា​១០​ម៉ឺនរៀល​ពេល​លក់ចេញ​ម្តងៗ​ ប៉ុន្តែបន្ទាប់ពីទទួល​ការ​បណ្តុះ​បណ្តាលពី​កម្ម​វិធី​ASPIREបាន​រយៈពេល​៦ខែ​មក​ ទាំងលោក​ស្រីសុខណាង​ ទាំង​ស្វាមី​គឺ​ហាក់​មាន​ទំនុក​ចិត្ត​ខ្លាំង​ឡើង​លើ​របរ​ចិញ្ចឹម​មាន់​នេះ​ដោយសារពួកគាត់​​មើល​ឃើញ​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុងជីវភាព​ប្រចាំថ្ងៃ​រាប់តាំង​ពី​ការ​កើនឡើង​នៃចំនួន​មាន់​និង​បា្រក់​ចំណូល​មក​នោះ។​​​

លោកស្រីបានបន្ថែមថា​«ដោយសារមាន​ទំនុកចិត្ត​​ក្នុ​ង​​ការ​ចិញ្ចឹម​ ខ្ញុំ​និងគ្រួសារ​​ (ប្តី) បាន​ព្រមព្រៀងគ្នាពង្រីក​កន្លែង​​ចិញ្ចឹមមាន់​ពី​មុន​​កន្លែង​តូចទេ​តែពេលនេះគឺ​មានទំហំទទឹង​ក្បាលដីប្រមាណ១៤ម៉ែត្រ​និង​បណ្តោយដី​​១០០ម៉ែត្រ។»​

តាម​ការ​ចិញ្ចឹម​ដែល​មាន​ផែនការ​ច្បាស់​លាស់​​ នៅ​ពេល​នេះ​គ្រួសារ​របស់​លោក​ស្រី​ញ៉េច​ សុខណាងនិង​ស្វាមី​លោក​ ឆេង​ សាំង គឺ​មាន​មាន់​កើន​ឡើង​ដល់ជាង​១៤០០ក្បាលហើយ​អាច​រក​ប្រាក់ចំណូលជា​ប្រចាំ​ខែ​ចន្លោះពី​៤​លាន​រៀលទៅ​៥​លាន​។

លោកស្រី​ក៏បាន​ប្រាប់ពី​គន្លឹះ​នៃ​ភាព​ជោគជ័យ​ក្នុងការចិញ្ចឹមមាន់យ៉ាង​ដូច​នេះ​ថា​មាន​តែការ​ទទួល​បា​ន​ចំណេះ​ដឹង​ ​បច្ចេក​ទេស​តាម​រយៈការ​បណ្តុះ​បណ្តាលច្បាស់លាស់​នោះទេ​ទើបធ្វើ​ឲ្យ​របរ​ចិញ្ចឹម​មាន់នេះ​មិន​រង​នូវ​ហានិភ័យ​ក្នុង​នោះ​កសិករគួរយល់​ដឹង​ឲ្យច្បាស់ពីការ​ចេះ​ប្រើ​ប្រាស់​ថ្នាំ​ ការ​ចាក់​វ៉ាក់​សាំងបានត្រឹមត្រូវ​ ជាពិសេស​ភាព​ឧស្សាហ៍​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​មាន់​អោយ​បាន​ល្អ​ ដោយ​រាប់តាំងពី​ការ​ផ្តល់​ចំណី ​​ការ​សំអាត​ទ្រុង ការរៀបចំទ្រុងនិងការតាមដានពីស្ថានភាពជំងឺមាន់​ជាដើម​។

​រូបគាត់​បាន​បញ្ជាក់បន្ថែមថា​«​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​គឺ​ខ្ញុំ​និ​ង​ប្តីខ្ញុំ បាន​រៀប​ចំ​ដាក់ធ្យូង​កំដៅ​អោយមាន់​ហើយ​ពេល​អាកាសធាតុក្តៅ​គឺ​យើង​បើក​តង់ឡើងដាក់​ទឹកឲ្យបាន​គ្រប់គ្រាន់និង​មាន​ដាក់​ថ្នាំ​បង្ការ​ជម្ងឺផ្សេងៗ ​ជាដើម»៕

អត្ថបទដោយ ៖ http://aspirekh.org/chicken_kratie/
សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ

សូមផ្ដល់មតិខាងក្រោម

[blogger]

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget